Saturday, June 17, 2017

ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារសិក្សាតាមដានតម្លៃទំនិញទីផ្សារដែលបម្រើជីវភាពប្រចាំថ្ងៃ

ជារឿយៗយើងតែងឃើញកសិករឬអ្នកចំការបង្ហោះត្អួញត្អែបន្ទាប់ពីប្រមូលផលហើយពិបាករកទីផ្សារ ធ្វើឲ្យរាល់ទិន្នផលដែលទទួលបានមានតម្លៃទាប រហូតសុំឲ្យតែរួចដើមមិនបានផង។ តែបើយើងក្រលេកមកមើលតម្លៃបន្លែ និងទំនិញនៅលើទីផ្សារវិញថ្លៃខុសគ្នាដូចមេឃនិងដី។ ប្រាក់ចំនូលពិតជាពិបាករកណាស់សព្វថ្ងៃនេះ អ្នកខ្លះរកបានសម្រាប់រស់តែមួយថ្ងៃៗប៉ុណ្ណោះ ចំណែកបុគ្គលិកតាមបណ្តាលក្រុមហ៊ុនដែលភាគច្រើនមានប្រាក់ខែជាមធ្យមចន្លោះពី$២០០ទៅ$៤០០ក៏ពិបាកក្នុងការសន្សំ និងចាយវាយដែរក្នុងទីផ្សារសេរីដែលកំណត់តម្លៃទំនិញគ្មានមូលដ្ឋាននេះ ខ្លះធ្វើការ១០ឆ្នាំគ្មានសល់មួយរៀល ទោះបីប្រាក់ខែឬចំណូលកើនឡើងរាល់ឆ្នាំ តែនៅតែតាមមិនទាន់តម្លៃទំនិញនៅលើទីផ្សារ។ អ្នកផ្គត់ផ្គង់ក្នុងស្រុកសល់ទិន្នផលចាក់ចោលរកទីផ្សារមិនបាន ឯទំនិញលើទីផ្សារថ្លៃកប់ពពក ចំនែកអ្នកទិញរកលុយឲ្យរស់សមរម្យក៏ពិបាករកមួយសម្រាប់តែមួយខែ តើនេះមកពីមូលហេតុអ្វី?
ការបង្កើតក្រុមការងារ ឃ្លាំមើលស្ថានភាព និងសន្ទស្សន៍ថ្លៃមុខទំនិញចាំបាច់ ដែលបម្រើឲ្យជីវភាពប្រចាំថ្ងៃ របស់ក្រសួងពាណិជ្ជកម្មប្រហែលជាដើម្បីដោះស្រាយបញ្ហាដែលចោទសួរខាងលើនេះ។ ក្នុងសេចក្តីប្រកាសបានបញ្ជាក់ពីភារកិច្ចរបស់ក្រុមនេះដូចខាងក្រោម៖
-សិក្សា និងចងក្រងឯកសារទាក់ទងនឹងស្ថានភាពផលិតកម្ម ថ្លៃដើម សមត្ថភាពផ្គត់ផ្គង់ការប្រើប្រាស់ និងសន្ទស្សន៍ថ្លៃ នៃមុខទំនិញអាទិភាពដូចជា៖ ស្រូវអង្ករ ត្រី សាច់មាន់ សាច់ជ្រូក ប្រេងសាំងធម្មតា ម៉ាស៊ូត និងដំឡូងមី
-ធ្វើបច្ចុប្បន្ន បញ្ជីមុខទំនិញអាទិភាពអាចពង្រីកបន្ថែម តាមការពាក់ពន័្ធនិងចាំបាច់
-តាមដាន ពិនិត្យ ឃ្លាំមើល ស្ថានភាពប្រែប្រួលនៃផលិតកម្ម ស្ថានភាពទំនិញចរាចរលើទីផ្សារ និងដាក់ចេញនូវវិធានការចាំបាច់ដើម្បីទ្រទ្រង់ផលិតកម្ម និងថ្លៃទំនិញលើទីផ្សារ
-សម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាបនពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងផលិតកម្មនិងថ្លៃទំនិញ និងរកទីផ្សារក្នុងស្រុក និងក្រៅប្រទេស
-រៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលជាប្រចាំ

យើងមិនទាន់ដឹងថាតើក្រុមនេះធ្វើការមានប្រសិទ្ធិភាព និងផ្តល់ផលវិជ្ជមានដល់ផលិកម្មក្នុងស្រុក និងអ្នកប្រើប្រាស់កំរិតណានោះទេ៕



Related Posts

ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារសិក្សាតាមដានតម្លៃទំនិញទីផ្សារដែលបម្រើជីវភាពប្រចាំថ្ងៃ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.