Thursday, March 15, 2018

ជនរងគ្រោះ​ជិះ​ម៉ូតូ​មាន​ឈ្មោះ​ សេង ដែលត្រូវបានលោក សារ៉េត ជិះឡានបុក ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​ហុង​ហាក់ ដោយបាក់​ជើង ២ ​កន្លែង និង​................


ភ្នំពេញៈ ​ម្នាក់​ក្នុង​ចំណោម​មេ​បំផុស​គំនិត​ឲ្យ​មានការ​វាយប្រហារ​ដ៏​ឃោរឃៅ ទៅលើ​សាស្ត្រាចារ្យ​មួយ​រូប កាលពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​បាន​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​អះអាង​ថា​គឺជា​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​។ ​នៅក្នុង​វីដេអូ​ជាច្រើន​ដែល​បាន​បង្ហាញ​អំពី​ការវាយប្រហារ​នោះ គឺ​ឃើញ​មាន​សន្តិសុខ​ម្នាក់​ដែល​គេ​កំណត់​អត្តសញ្ញាណ​ថា មាន​ឈ្មោះ ភាព គឹមហាក់ ដែល​ពាក់​អាវយឺត​ពណ៌​ខៀវខ្ទី​នឹង​ស្លៀកខោ​ក៏​ដូចជា​ពាក់​ខ្សែ​ក្រវាត់​លក្ខណៈ​ឯកសណ្ឋាន​សន្តិសុខ​។
កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​លោក ស៊ុយ សារ៉េត អាយុ ៥២ ឆ្នាំ​ជា​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ត្រូវ​បាន​គេ​ជឿថា បាន​ជិះ​រថយន្ត​ទៅ​បុក​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ឈ្មោះ សឿ សេង បណ្តាល​ឲ្យ​រងរបួស​នៅ​ខណ្ឌ​ឫស្សីកែវ​។
ក្រោយ​មក​លោក​ សារ៉េត បាន​បើក​រថយន្ត​គេច​ចេញ​ពី​កន្លែង​កើតហេតុ ហើយ​សាក្សី​ដែល​មាន​កំហឹង​បាន​ដេញ​តាម​គាត់​រហូត​ដល់​ខណ្ឌ​ទួលគោក​ដោយ​ពួកគេ​បាន​ស្រែក​ថា គាត់​បាន​បុក​ឈ្មោះ​ សេង ស្លាប់ ហើយ​បើក​រត់​។ អ្វី​ដែល​កើតឡើង​បន្ទាប់​គឺ​ហ្វួង​មនុស្ស​ជាច្រើន​នាក់​បាន​នាំ​គ្នា​វាយប្រហារ​យ៉ាង​សាហាវ​ឃោរឃៅ​ទៅ​លើ​លោក​ សារ៉េត ដោយ​អ្នក​ខ្លះ​ប្រើ​ដំបង​ដុំថ្ម​មួក​សុវត្តិភាព​វាយដំ​លើ​ផ្ទៃមុខ​រាងកាយ​ហើយ​អ្នក​ខ្លះ​ទៀត​ព្យាយាម​ទាញ​ដៃ​គាត់​ឲ្យ​កៀប​នឹង​ទ្វារ​រថយន្ត ចំណែក​អ្នក​ខ្លះ​ទៀត​បាន​ឡើង​ឈរ​លើ​រថយន្ត​ធាក់​កញ្ចក់​រថយន្ត​ និង​វាយ​តួ​រថយន្ត​ទាំង​មូល​តែ​ម្តង​។
នៅក្នុង​វីដេអូ​សុវត្ថិភាព CCTV និង​វីដេអូ​ជាច្រើន​ផ្សេង​ទៀត​ពី​កន្លែង​កើតហេតុ បាន​បង្ហាញ​ថា​បុរស​ ៤ ​នាក់​ត្រូវ​បាន​គេ​មើលឃើញ​ថា​បាន​បំផុស​ឲ្យ​មាន​ការវាយប្រហារ​ដ៏ឃោរឃៅ​នេះ​។ ក្នុង​ចំណោម​ពួកគេ​គឺ​មាន​បុរស​ម្នាក់​ឈ្មោះ គឹមហាក់ ដែល​គេ​ឃើញ​បង្ហាញ​សកម្មភាព​ដ៏ហិង្សា​នៅក្នុង​ការវាយប្រហារ​នោះ​។
បើ​ទោះបី​ជា​មុខ​របស់​ជនល្មើស​ជាច្រើន​ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ច្បាស់​នៅក្នុង​វីដេអូ​ជាច្រើន​ក្តី​ក៏​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នៅ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នៅ​ឡើយ​ទេ​។
ប៉ុន្តែ​លោក សែម សុគន្ធា នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​មិន​បាន​បញ្ជាក់​ថា​មាន​ជនសង្ស័យ ប៉ុន្មាន​នាក់​ដែល​ប៉ូលិស​កំពុង​តាមដាន​ទេ​។ «​យើង​មិន​អាច​បង្ហាញ​បាន​ទេ ពីព្រោះ​វា​កំពុង​ស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត​ហើយ​នៅពេល​យើង​ប្រាប់​ថា យើង​បាន​ចាប់​ខ្លួន​ចំនួន ... វា​អាច​ធ្វើឲ្យ​ពួកគេ​ដឹង​»​។
លោក​ថា​ជនរងគ្រោះ​ជិះ​ម៉ូតូ​មាន​ឈ្មោះ​ សេង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​ហុង​ហាក់ ដើម្បី​ព្យាបាល​របួស​ខ្នង និង​ជើង​របស់​គាត់ ដូច​លោក​ សារ៉េត ​ដែរ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​។
កូនស្រី​របស់​លោក​ សេង ឈ្មោះ​អ្នកស្រី សាន សឿជូ អាយុ ៣០ ឆ្នាំ​បាន​ឲ្យ​ដឹងថា ជើង​របស់​ឪពុក​អ្នកស្រី​បាន​បាក់​ ២ ​កន្លែង និង​នៅ​មាន​របួស​ស្រាល​ផ្សេងៗ​ទៀត ប៉ុន្តែ​គ្រូពេទ្យ​រំពឹង​ថា​គាត់​អាច​នឹង​ជា​នៅក្នុង​រយៈពេល​ ៥ ​ទៅ​ ៦ ​ខែ​។ ​«​គ្រួសារ​របស់​លោក​ សារ៉េត ​បាន​ទាក់ទង​គ្រួសារ​ខ្ញុំ​ហើយ​បាន​សន្យា​ថា នឹង​ផ្តល់​សំណង​»​។
អ្នកស្រី​បន្ត​ថា​៖ «​គាត់​ខុស​ហើយ​គាត់​មិន​គួរ​រត់​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​បាន​វាយដំ​គាត់ គឺ​នៅ​ពេល​ពួកគេ​ខឹង​... នេះ​គឺ​ពិត​ជា​ឃោរឃៅ​ណាស់​ពួកគេ​ចង់​វាយ​គាត់​ដល់​ស្លាប់​»​។
អ្នកស្រី​បន្ថែម​ថា​ហ្វួង​មនុស្ស​ដែល​វាយដំ​គាត់​គឺ​កាន់តែ​អាក្រក់​ជាង​គាត់​ទៀត​។ «​នៅឯ​មន្ទីរពេទ្យ​នៅពេល​ដែល​ខ្ញុំ​ឃើញ​គាត់ ខ្ញុំ​អាណិត​គាត់​ណាស់​...​ដុំថ្ម​ធំៗ​បែប​នេះ​អាច​សម្លាប់​គាត់​បាន​»​។
លោក ផែង វណ្ណៈ មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់ គីមហាក់ នៅលើ​ហ្វេសប៊ុក និង​ថ្លែង​ថា នគរបាល​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​កំណត់​ទីកន្លែង​របស់​គាត់​។
ស្នងការរង​ខេត្ត​បាត់ដំបង​លោក ចែត វន្នី ថ្លែង​ថា​លោក​បាន​ទាក់ទង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​និយាយ​ថា​ពួកគេ​មិន​បាន​រកឃើញ​ គីមហាក់ ​ទេ​។ លោក​បន្ត​ថា​៖ «​យើង​បាន​ដុតដៃ​ដុតជើង យក​ចិត្ត​ទុកដាក់​ចំពោះ​ករណី​នេះ​»​។
មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា គីមហាក់ បាន​ទៅ​នៅ​រាជធានី​ភ្នំពេញ​មួយ​ឆ្នាំ​មុន ហើយ​មិន​បាន​ត្រឡប់​មក​វិញ​ចាប់​តាំងពី​ពេល​នោះ​មក​។
ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី គីមហាក់ ដោយ​លើក​ឡើង​ថា​គាត់​ជា​ «​អតីត​» ​សន្តិសុខ​ខណ្ឌ​។ ពួកគេ​ថ្លែង​ថា គាត់​បាន​ប្រព្រឹត្ត​ជា​លក្ខណៈ​បុគ្គល ហើយ​ពួកគេ​មិន​បាន​គាំទ្រ​អំពើ​ហិង្សា​របស់​គាត់​ទេ​។
កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​បាន​ល្បី​ខាង​ប្រើ​អំពើ​ហិង្សា​កាលពី​អតីតកាល នៅក្នុង​ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅ​លើ​អ្នក​តវ៉ា​អហិង្សា​រួមមាន​សកម្មជន​បឹងកក់​។
អ្នក​នាំពាក្យ​នគរបាល និង​អ្នកនាំពាក្យ​ខណ្ឌ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ នគរបាល​រាជធានី​បាន​ថ្កោលទោស​អំពើ​ហិង្សា​នេះ​ដោយ​ថ្លែង​ថា វា​ផ្ទុយ​នឹង​ច្បាប់​ «​សីលធម៌​សង្គម​» និង​ប្រពៃណី​ជា​ «​អ្នក​កាន់​ព្រះពុទ្ធសាសនា​» ​របស់​កម្ពុជា​។
ពួកគេ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​ហិង្សា​ទៅលើ​អ្នកបើក​រថយន្ត និង​បាន​ជំរុញ​ឲ្យ​សាក្សី​ប្រគល់​ជនសង្ស័យ​ទៅ​នគរបាល​ទៅតាម​នីតិវិធី​ច្បាប់​។ បទល្មើស​បុក​រត់​ដែល​បណ្តាល​ឲ្យ​មាន​របួសធ្ងន់​អាច​ត្រូវ​ដាក់​ទោស​ជាប់ពន្ធនាគារ​ពី​ ១ ​ទៅ​ ៣ ​ឆ្នាំ​។
អ្នកវិភាគ​សង្គម​លោក មាស នី បាន​ថ្លែង​ថា​ឧប្បត្តិហេតុ​ដូចនេះ​គឺជា​ផ្នែក​នៃ​ «​វដ្តហិង្សា​»​។
លោក​ថ្លែង​ថា​៖ «​មូលហេតុ​ដែល​អ្នក​បើក​ឡាន​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​តែ​រត់ គឺ​មិនមែន​ដោយសារ​ពួកគេ​ភ័យខ្លាច​ការចាប់​ខ្លួន​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​ភ័យខ្លាច​ថា ពួកគេ​នឹង​ត្រូវ​គេ​វ៉ៃ​...​ពួកគេ​ត្រូវតែ​រត់​ដើម្បី​ជីវិត​របស់​ខ្លួន​»​។
លោក​ថា ការពាក់ព័ន្ធ​របស់​អតីត​សន្តិសុខ​ខណ្ឌ​ដូនពេញ​គឺជា​ក្តីបារម្ភ​មួយ​សម្រាប់​សាធារណជន​ដោយសារ​ពួកគេ​ទទួល​បាន​ការបណ្តុះ​បណ្តាល​តិចតួច​ ឬ​ក៏​ «​ទទួល​បាន​ការបណ្តុះ​បណ្តាល​ឲ្យ​បង្កើត​ហិង្សា​ជាង​មុន​»៕

ប្រភព៖ ការសែតភ្នំពេញប៉ុស្តិ៍ (https://goo.gl/TJZzvs)

Related Posts

ជនរងគ្រោះ​ជិះ​ម៉ូតូ​មាន​ឈ្មោះ​ សេង ដែលត្រូវបានលោក សារ៉េត ជិះឡានបុក ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​ហុង​ហាក់ ដោយបាក់​ជើង ២ ​កន្លែង និង​................
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.