Thursday, March 15, 2018

បុរស​ ២ ​នាក់​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​វ៉ៃ​អ្នក​បើកឡាន




ភ្នំពេញៈ ​បុរស ​២ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ពី​បទ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ហ្វូង​មនុស្ស​ដែល​បាន​វាយដំ​បុរស​ម្នាក់​ដែល​បាន​បើក​រថយន្ត​គេច​ចេញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។
តាមរយៈ​វីដេអូ​បាន​បង្ហាញ​ថា ហ្វូង​មនុស្ស​ជាច្រើន​នាក់​ពោរពេញ​ទៅ​ដោយ​កំហឹង​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​របស់​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ដោយ​បុគ្គល​ម្នាក់ៗ​មាន​ទាំង​ដុំឥដ្ឋ ដុំថ្ម​វាយ គប់​ទៅ​លើ​គាត់​។ ក្រោយមក​លោក​ សារ៉េត ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។
លោក​ ប៊ុន សិត្យា ​នាយការិយាល័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា បុរស​ ២ ​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​មួយ​មាន​ឈ្មោះ​ យាត ទិត្យា ​អាយុ​ ២១ ​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ អាន វិនទី ​អាយុ​ ២១ ​ឆ្នាំ​។ «​យើង​កំពុង​សាកសួរ​ពួកគេ​ហើយ​ពួកគេ​ទាំង​ ២ ​នាក់​បាន​ប្រព្រឹត្ត​ល្មើស​ដោយ​បាន​វាយដំ​រថយន្ត​ និង​វាយដំ​រូប​គាត់​»​។
ការចាប់ខ្លួន​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​អ្នក​វាយប្រហារ​ដ៏ឃោរឃៅ​បំផុត​មួយ​រូប​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​មាន​ឈ្មោះ ភាព គឹមហាក់ អាយុ ២០ ឆ្នាំ​ជា​អតីត​សមាជិក​សន្តិសុខ​ខណ្ឌ​ដូនពេញ​។
ទន្ទឹម​នឹង​នេះ​ដែរ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន​អះអាង​ថា ឈ្មោះ​ គឹមហាក់ ​នេះ​លែង​ជា​ផ្នែក​មួយ​នៃ​កម្លាំង​របស់​ខ្លួន​ហើយ​ ប៉ុន្តែ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​ឲ្យ​ដឹង​ថា គាត់​នៅ​តែ​ជា​សមាជិក​ក្រុម​ដដែល​នៅ​ពេល​មាន​ឧបទ្ទវហេតុ​នោះ​កើតឡើង ហើយ​គាត់​ត្រូវ​ឈរ​ជើង​នៅ​ជិត​វត្តភ្នំ​។ ឈ្មោះ​ គឹមហាក់ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ស្លៀកខោ​ពណ៌​គគីរ​ដែល​ស្រដៀង​ទៅ​នឹង​ឯកសណ្ឋាន​របស់​ក្រុម​សន្តិសុខ​ខណ្ឌ​។ «​យើង​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​គាត់​ទៅ​ទី​នោះ​ដើម្បី​វាយដំ​មនុស្ស​បែប​នេះ​ទេ ហើយ​គ្មាន​បទបញ្ជា​ពី​ទី​នេះ​ទេ​»​។
លោក អ៊ិត ជុំនិត ប្រធាន​រដ្ឋបាល​ខណ្ឌ​ទួលគោក​បាន​បដិសេធ​ថា មាន​កងកម្លាំង​សន្តិសុខ​របស់​លោក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ដែល​បង្ក​ឡើង​ដោយ​ហ្វូងមនុស្ស​នោះ​។
រឿង​របស់​លោក​ គឹមហាក់ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​​ ទិត្យា បាន​បញ្ជាក់​ថា សន្តិសុខ​ខណ្ឌ​ដូនពេញ​មួយ​ចំនួន​ត្រូវ​បាន​កោះហៅ​មក​សួរ​នាំ​កាលពី​យប់​ថ្ងៃ​អង្គារ​ហើយ​ក៏​ត្រូវ​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Related Posts

បុរស​ ២ ​នាក់​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​វ៉ៃ​អ្នក​បើកឡាន
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.