Tuesday, July 18, 2017

គ្រោះថ្នាក់ចរាចរណ៍កាន់តែសាហាវ


ប្រភពពី អគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា មាន រថយន្តដឹកស៊ីម៉ង់ត៍បុក រថយន្តកាមរីបណ្តាលឲ្យស្លាប់ពីរនាក់និងរបួសធ្ងន់ម្នាក់នៅស្រុកត្រាំកក់
តាកែវ។  យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងនិងរបួសធ្ងន់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង១០នាទី លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៩២-៩៣ ស្ថិតក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ប្រភេទសណ្តោងរ៉ឺម៉ក (ពោងដឹកស៊ីម៉ង់ត៍) ក្បាលពណ៌ត្រេអ៉ី ពាក់ស្លាកលេខ រដ្ឋ ០៦ ៣-០០៣៩ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងស៊ីម៉ង់ត៍ បើកបរគេចខ្លួនបាត់ ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-9840 បើកបរដោយឈ្មោះ ឌុល សៀ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅនឹងកន្លែងកើតហេតុ) នឹងអ្នករួមដំណើរជាមួយចំនួន០២នាក់ ទី១-ឈ្មោះ ធីម ចាន់ធឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើថ្នល់ នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងទី២- ឈ្មោះ ធីម ចាន់ធា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករធ្វើថ្នល់ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ ហើយសមត្ថកិច្ចក៏ចុះមកដល់រួចធ្វើការទៅតាមនីតិវិធីនៃច្បាប់ រីឯសាកសពទាំងពីរបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ចំណែកឯវត្ថុតាងរថយន្តទាំងពីរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕





Related Posts

គ្រោះថ្នាក់ចរាចរណ៍កាន់តែសាហាវ
4/ 5
Oleh

Subscribe via email

Like the post above? Please subscribe to the latest posts directly via email.